Breaking News

[Demographic Vietnamization: Loggng, Military, Border, Mondolkiri] មនុស្ស​ ៣​នាក់ ​ត្រូវ​ បាន​បាញ់​សម្លាប់​ ក្នុង​ព្រៃ​ ខេត្ត​មណ្ឌលគិរី | 3 killed in the Mondolkiri forest


ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី

មនុស្ស​ ៣​នាក់ ​ត្រូវ​ បាន​បាញ់​សម្លាប់​ ក្នុង​ព្រៃ​ ខេត្ត​មណ្ឌលគិរី

RFA / វិទ្យុ អាស៊ី សេរី | ២៩ មករា ២០១៨


មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ចំនួន ៣​នាក់ ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​មករា។ សមត្ថកិច្ច​សង្ស័យ​ថា ឈ្មួញ​ជួញដូរ​ឈើ​ខុស​ច្បាប់​អ្នក​បាញ់​សម្លាប់​មន្ត្រី​ទាំង​នោះ។
​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន  រៀប​រាប់​ថា ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ បាន​កើត​នៅ​ក្នុង​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី នៅ​ម៉ោង​ប្រមាណ ៩​យប់ បន្ទាប់​ពី​ជនរងគ្រោះ​ទាំង​បី​នាក់​បាន​ចុះ​ល្បាត​ព្រៃឈើ ប៉ុន្តែ​ពេល​នោះ​ត្រូវ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ស្ទាក់​បាញ់​សម្លាប់​តែម្ដង៖ «ជនល្មើស​ស្ទាក់​បាញ់ ខាង​នគរបាល​បាន​បាញ់​ត​វិញ​ដែរ តែ​ដោយសារ​តែ​ខាង​ជនល្មើស​បាញ់​មុន បណ្ដាល​អោយ​អាវុធហត្ថ​រង​របួស ហើយ​ខាង​បរិស្ថាន​របួស​ដែរ។ ស្លាប់​នៅ​នឹង​កន្លែង ២​នាក់ ហើយ​មន្ត្រី​របស់​អង្គការ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ»

អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អេង ហ៊ី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ លោក សៅ សុខា បាន​ចេញ​បញ្ជា​ជា​បន្ទាន់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នៃ​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ ចុះ​ពិនិត្យ​ករណី​ផ្ទុះ​អាវុធ សម្លាប់​មន្ត្រី​ទាំង​៣ នាក់​នេះ។
អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​លោក អេង ហ៊ី បាន​ទេ កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​មករា៕

No comments