Breaking News

លោក ទៀ បាញ់ ព្រមាន ​កម្ទេច​ ចលនា​ សង្គ្រោះ​ជាតិ ​បើ​ មាន​នៅ​កម្ពុជា | Tea Banh threatens to destroy the CNRMovement if it occurs in Cambodia

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។

លោក ទៀ បាញ់ ព្រមាន ​កម្ទេច​ ចលនា​ សង្គ្រោះ​ជាតិ ​បើ​ មាន​នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៣ មករា ២០១៨


លោក ទៀ បាញ់ រដ្ឋមន្ត្រី​ ក្រសួង​ ការពារ​ជាតិ ព្រមាន ​ថា, យោធា​ របស់​លោក​ នឹង​កម្ទេច​ ចលនា​ សង្គ្រោះ​ជាតិ ចោល​តែម្ដង ប្រសិនបើ​ ចលនា​នោះ​ មាន​វត្តមាន​ នៅ​កម្ពុជា, ហើយ​ បង្កើត​ឡើង​ ដោយ​ខុស​ច្បាប់។ លោក​ បន្ត​ថា, យោធា​ អាច​កម្ចាត់​ ចលនា​ចោល​ តែម្ដង ដោយ​ពុំ​ ចាំបាច់​ បទបញ្ជា​ ពី​មេបញ្ជាការ​ នោះ​ទេ។

​ការ​អះអាង​របស់​លោក ទៀ បាញ់ ធ្វើ​ឡើង​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​នៅ​ក្នុង​សន្និបាត​ការងារ​ប្រចាំ​ឆ្នាំ​របស់​កងរាជអាវុធហត្ថ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​បន្ត នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា នេះ។ លោក​បន្ត​ទៀត​ថា ប្រសិន​ទង្វើ​របស់​ចលនា​សង្គ្រោះ​ជាតិ ជា​អំពើ​ខុស​ច្បាប់ ទោះ​ត្រូវ​ការ​ប្រើ​កម្លាំង​ប៉ុន្មាន ឬ​មធ្យោបាយ​ណា​ក៏ដោយ មិន​ថា​ប្រើ​យន្តហោះ ឬ​ប្រើ​កាំភ្លើង​ធំ​ទេ គឺ​ត្រូវ​ប្រើ​ទាំង​អស់។

ចំណែក​លោក សៅ សុខា ដែល​ជា​អគ្គ​មេបញ្ជាការ​រង​យោធា និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជាក់​ថា កងរាជអាវុធហត្ថ​បាន​ត្រៀមលក្ខណៈ​ជានិច្ច​ដើម្បី​បង្ក្រាប​រាល់​បទល្មើស​ទាំង​អស់​ដែល​ខុស​ច្បាប់​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​សណ្ដាប់។

រី​ឯ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឯ​ណោះ​វិញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មករា ក៏​បាន​ព្រមាន​ធ្ងន់ៗ​ថា ជន​ទាំង​ឡាយ​ណា​ដែល​ចូលរួម ឬ​មាន​ការ​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ នឹង​មិន​អាច​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ឡើយ។

​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា បាន​ដក​ស្រង់​សម្ដី​លោក ខៀវ សុភ័គ ចុះ​ផ្សាយ​ថា សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​ចំពោះ​អ្នក​ចូល​រួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​នេះ​ដើម្បី​ចាត់​វិធានការ។ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា លោក សម រង្ស៉ី លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូមូរ៉ា និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត បាន​ប្រកាស​គ្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​ពួកគេ​អះអាង​ថា ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាមទារ​ឲ្យ​គណបក្ស​ប្រឆាំង អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៕

No comments